Menu

Ministry of Economy and Finance

General Department of Public-Private Partnerships

Signing Ceremony

ការចូលរួមការធ្វើទស្សនកិច្ចជាមួយលោកជំទាវ Catherine West រដ្ឋមន្រ្តីទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

នាថ្ងៃ អង្គារ ១០ រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា គ.ស. ២០២៥, ឯកឧត្តម មាស សុខសេនសាន, រដ្ឋលេខាធិការ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមធ្វើទស្សនកិច្ចជាមួយលោកជំទាវ Catherine West រដ្ឋមន្រ្តីទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ ចក្រភពអង់គ្លេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងដំណើរទស្សនកិច្ចនេះ, គណៈប្រតិភូនៃប្រទេសទាំងពីរ បានពិនិត្យមើលលើវឌ្ឍនភាពនៃដំណើរការ សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោមួយ ក្នុង​វិស័យ​អាកាសចរណ៍នៅ​កម្ពុជា ដែលត្រូវបានរចនាប្លង់ឡើងដោយក្រុមហ៊ុន Foster + Partners របស់ចក្រភពអង់គ្លេស និង សាងសង់ដោយក្រុមហ៊ុន OCIC។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងជាអាកាសយានដ្ឋានកម្រិត 4F លើផ្ទៃដីទំហំប្រមាណ ២ ៦០០ ហិកតា ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ១ ៥០០ លានដុល្លារអាម៉េរិក។ តាមផែនការការងារ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ ២០១៩ និង គ្រោងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនាខែ កក្កដា ឆ្នាំ ២០២៥ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី។

ក្នុងឱកាសនៃទស្សនកិច្ចនេះផងដែរ, ឯកឧត្តម មាស សុខសេនសាន និង លោកជំទាវ Catherine West បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយនឹងក្រសួងការបរទេស និង អភិវឌ្ឍន៍  ចក្រភពអង់គ្លេស ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព តាមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដោយផ្តោតសំខាន់លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញ; ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព; ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព; និង ការគិតគូរផ្នែកបរិស្ថានចក្រា ដើម្បីបង្កើនភាពទាក់ទាញ និង ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។​

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ, រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស​ នឹងបន្តផ្តល់ការគាំទ្របច្ចេកទេស និង ជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស ដោយធ្វើការកៀរគរធនធាន ជំនាញឯកទេស​ពីវិស័យឯកជន និង ការតភ្ជាប់ទៅនឹងប្រភពហិរញ្ញប្បទានក្នុងតំបន់ និង អន្តរជាតិ  ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។