នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Lavan Thiruនាយកប្រតិបត្តិ នៃស្ថាប័នហេដ្ឋា-រចនាសម្ព័ន្ធអាស៊ី (IA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបពង្រីកបន្ថែមនូវក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការ ដែលស្ថាប័នទាំងពីរបានឯកភាពគ្នា តាមរយៈ MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២១ កន្លងមក។
នៅក្នុងឱកាសនៃពិធីចុះហត្ថលេខានេះ ឯកឧត្តម មាស សុខសេនសាន បានលើកឡើង អំពីកម្មវិធីនយោបាយនីតិកាល ទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវ "យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដោយក្នុងនោះរួមមានការប្រើប្រាស់យន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) នេះផងដែរ សម្រាប់ចូលរួមការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធសាធារណៈ និងលើកកម្ពស់គុណភាពសេវាសាធារណៈនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមក៏បានបន្តទៀតថា បន្ទាប់ពីច្បាប់ស្តីពី PPP ត្រូវបានប្រកាសឱ្យប្រើកាលពីខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOP) សម្រាប់ការរៀបចំអភិវឌ្ឍ និងគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន កាលពីខែសីហា ឆ្នាំ២០២២។ ផ្អែកលើមូលដ្ឋាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងបន្តកិច្ចសហការលើការគាំទ្រក្នុងការរៀបចំគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ដើម្បីសម្រេចកិច្ចការនេះ ឯកឧត្តមបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ចូលរួមនិងផ្តល់កិច្ចសហការលើការរៀបចំសំណើគម្រោងវិនិយោគសាធារណៈ ដែលមានសក្តានុពលអនុវត្តតាមយន្តការ PPP។ ជាទីបញ្ចប់ ឯកឧត្តម មាស សុខសេនសាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ IA ក្នុងបរិការណ៍បច្ចុប្បន្ននេះ ដើម្បីបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។
សូមបញ្ជាក់ថា MOU នេះ មានសុពលភាពរយៈពេល ០២ ឆ្នាំ ដែលនឹងលើកកម្ពស់ និងពង្រីកវិសាលកិច្ចសហ-ប្រតិបត្តិការរវាងភាគីទាំងពីរដែលធ្លាប់មានកន្លងមក ដោយផ្តោតសំខាន់លើការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការកំណត់ប្រភពហិរញ្ញប្បទាន, និងការជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ វិសាលភាពនៃកិច្ចសហ-ប្រតិបត្តិការនៃ MOU ថ្មី នេះ គឺរាប់បញ្ចូលទាំងការកសាងសមត្ថភាព និងការរៀបចំអភិវឌ្ឍគម្រោង ដែលផ្តោតលើវិស័យសំខាន់ៗ រួមមានដូចជា៖ ការផ្គត់ផ្គង់ទឹកស្អាត, ការគ្រប់គ្រងសំណល់រឹង និងទឹកកខ្វក់, ថាមពលកកើតឡើងវិញ, ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន, ការដឹកជញ្ជូនក្នុងទីក្រុង, កំពង់ផែ, ភស្តុភារកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់, និងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ ជាដើម។