ក្របខ័ណ្ឌភ.រ.ជ.
ប្រភេទគម្រោង ភ.រ.ជ. ដែលមានការប្រើប្រាស់ជាទូទៅ
- សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ : ស្ថាប័នសាមីផ្តល់សិទ្ធិជូនដៃគូឯកជន ដើម្បីរចនាប្លង់ហិរញ្ញប្បទានសាងសង់ធ្វើប្រតិបត្តិការ និងថែទាំទ្រព្យសម្បត្តិគម្រោងហើយប្រមូលកម្រៃសេវាថ្លៃប្រើប្រាស់ថ្លៃឈ្នួលនិងថ្លៃផ្សេងទៀតពីអ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឬអ្នកប្រើប្រាស់សេវារបស់គម្រោងក្នុងរយៈពេលដូចបានកំណត់ក្នុងកិច្ចសន្យា ភ.រ.ជ.។ ក្រោយពីការបញ្ចប់រយៈពេល នៃកិច្ចសន្យា ដៃគូឯក- ជនត្រូវផ្ទេរសិទ្ធិនិងអត្ថប្រយោជន៍ដែលជាប់ពាក់ព័ន្ធនឹងគម្រោង ព្រមទាំងទ្រព្យសម្បត្តិគម្រោងឱ្យទៅស្ថាប័នសាមីវិញដោយអនុលោម តាមខនិងលក្ខខណ្ឌដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។ ប្រភេទគម្រោង ភ.រ.ជ. ដែលមានទម្រង់បែបប្រភេទគម្រោងសាង សង់ ធ្វើប្រតិបត្តិការ និងផ្ទេរ ដែរ មានជាអាទិ៍៖
- សាងសង់ ជួល និងផ្ទេរ :ដៃគូឯកជនត្រូវរចនាប្លង់ ហិរញ្ញប្បទាន និងសាងសង់ទ្រព្យសម្បត្តិគម្រោង ហើយបន្ទាប់មកដាក់ទ្រព្យសម្បត្តិគម្រោងនោះជួលទៅឱ្យស្ថាប័នសាមីវិញ ដោយទទួលបានកម្រៃ ដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។ ប្រភេទគម្រោងនេះរក្សាលក្ខខណ្ឌផ្សេងទៀតនៃប្រភេទគម្រោង សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ នៅដដែល
- សាងសង់ ផ្ទេរ និងធ្វើប្រតិបត្តិការ: ក្រោយពេលបញ្ចប់ការងារសាងសង់ទ្រព្យសម្បត្តិគម្រោង ដៃគូឯកជនត្រូវផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិគម្រោងនោះ ទៅឱ្យស្ថាប័នសាមីជាមុនសិន។ ប្រភេទគម្រោងនេះរក្សាលក្ខខណ្ឌផ្សេងទៀតនៃប្រភេទគម្រោង សាង សង់ ធ្វើប្រតិបត្តិការ និងផ្ទេរ នៅដដែល។
- សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ ធ្វើប្រតិបត្តិការ និងផ្ទេរ : ស្ថាប័នសាមីផ្តល់សិទ្ធិជូនដៃគូឯកជន ដើម្បីរចនាប្លង់ ហិរញ្ញប្បទាន សាងសង់ ធ្វើប្រតិបត្តិការ និងថែទាំទ្រព្យសម្បត្តិគម្រោង ហើយប្រមូលកម្រៃសេវា ថ្លៃប្រើប្រាស់ ថ្លៃឈ្នួល និងថ្លៃផ្សេងទៀត ពីអ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ឬអ្នកប្រើប្រាស់សេវារបស់គម្រោង ក្នុងរយៈពេលដូចបានកំណត់ក្នុងកិច្ចសន្យា ភ.រ.ជ.។ ប្រភេទគម្រោង សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ ធ្វើប្រតិបត្តិការ និងផ្ទេរ ខុសពីប្រភេទគម្រោង សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ ធ្វើប្រតិបត្តិការ និងផ្ទេរ ត្រង់ដៃគូឯកជនធ្វើជាម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិគម្រោងក្នុងរយៈពេលនៃកិច្ចសន្យា។ ក្រោយពីការបញ្ចប់រយៈពេលនៃកិច្ចសន្យា ដៃគូឯកជនត្រូវផ្ទេរសិទ្ធិនិងអត្ថប្រយោជន៍ដែលជាប់ពាក់ព័ន្ធនឹងគម្រោង ព្រមទាំងទ្រព្យសម្បត្តិគម្រោងទៅឱ្យស្ថាប័នសាមីវិញ ដោយអនុលោមតាមខនិងលក្ខខណ្ឌដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។
- សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ : ស្ថាប័នសាមីផ្តល់សិទ្ធិជូនដៃគូឯកជន ដើម្បីរចនាប្លង់ ហិរញ្ញប្បទាន សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការលើទ្រព្យសម្បត្តិគម្រោងជាអចិន្ត្រៃយ៍ ឬក្នុងរយៈពេលមិនកំណត់ ស្របតាមខនិងលក្ខខណ្ឌ ដូចមាន ចែងក្នុងកិច្ចសន្យា ភ.រ.ជ.។ ដៃគូឯកជនមានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិគម្រោងជាលក្ខណៈពាណិជ្ជកម្ម ហើយមានសិទ្ធិប្រមូលកម្រៃនិងចំណូលផ្សេងទៀត ពីអ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឬអ្នកប្រើប្រាស់ សេវារបស់គម្រោង។ ប្រភេទគម្រោង ភ.រ.ជ. ដែលមានទម្រង់បែបប្រភេទគម្រោង សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ ដែរ មានជាអាទិ៍៖
- ស្តារនីតិសម្បទា ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ: ប្រភេទគម្រោងនេះមានលក្ខខណ្ឌដូចប្រភេទគម្រោង សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ ដែរ តែដៃគូឯកជនត្រូវទទួលសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិគម្រោងដែលមានស្រាប់ដើម្បីធ្វើការស្ដារនីតិសម្បទានៃទ្រព្យសម្បត្តិគម្រោងនោះ
- ទំនើបភាវូបនីយកម្ម ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ : ប្រភេទគម្រោងនេះមានលក្ខខណ្ឌដូចប្រភេទគម្រោង សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ ដែរ តែដៃគូឯកជនត្រូវទទួលសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិគម្រោងដែលមានស្រាប់ដើម្បីធ្វើទំនើបភាវូបនីយកម្មលើទ្រព្យសម្បត្តិគម្រោងនោះ។
- កិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រង/កិច្ចព្រមព្រៀងស្ដីពីប្រតិបត្តិការ និង ការថែទាំ : ដៃគូឯកជនត្រូវផ្តល់សេវាកម្មប្រចាំថ្ងៃ ដែលពាក់ព័ន្ធនឹងការធ្វើប្រតិបតិ្តការ និងការថែទាំលើទ្រព្យសម្បត្តិគម្រោងដែលមានស្រាប់ ឬទ្រព្យសម្បត្តិរដ្ឋផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ស្ថាប័នសាមី ដោយទទួលបានកម្រៃសេវាពីស្ថាប័នសាមីឬភាគីផ្សេងទៀត ស្របតាមខនិងលក្ខខណ្ឌ ដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។ ជាទូទៅ កិច្ចសន្យាបែបនេះមិនតម្រូវឱ្យដៃគូឯកជនចំណាយមូលធនរបស់ខ្លួនដើម្បីធ្វើការវិនិយោគនិងមិនផ្ដល់កម្មសិទ្ធិលើទ្រព្យសម្បត្តិគម្រោង ឬទ្រព្យសម្បត្តិរដ្ឋណាមួយជូនដៃគូឯកជនឡើយ។ ក្នុងករណីដែលគម្រោងតម្រូវឱ្យដៃគូឯកជនចំណាយមូលធនរបស់ខ្លួន ដើម្បីធ្វើការវិនិយោគនោះ ដៃគូឯកជនអាចរំលស់ថ្លៃដើមនៃការវិនិយោគនេះ តាមរយៈការទូទាត់ពីស្ថាប័នសាមីឬពីភាគីផ្សេងទៀត តាមខនិងលក្ខខណ្ឌដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។
- រចនាប្លង់ សាងសង់ ហិរញ្ញប្បទាន ធ្វើប្រតិបត្តិការ និងថែទាំ : ស្ថាប័នសាមីផ្តល់សិទ្ធិជូនដៃគូឯកជន ដើម្បីរចនាប្លង់ សាងសង់ ហិរញ្ញប្បទាន ផ្តល់សេវាកម្មប្រតិបត្តិការ និងសេវាកម្មថែទាំ ចំពោះទ្រព្យសម្បត្តិគម្រោង ដោយអនុលោមតាមខនិងលក្ខខណ្ឌ ដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។ ដៃគូឯកជនមានសិទ្ធិប្រមូលប្រាក់ចំណូល ពីការផ្ដល់សេវាកម្មខាងលើ តាមរយៈការទូទាត់ពីស្ថាប័នសាមី ឬភាគីផ្សេងទៀត តាមខនិងលក្ខខណ្ឌ ដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។ ក្រោយពីការបញ្ចប់រយៈពេលនៃកិច្ចសន្យា ដៃគូឯកជនត្រូវផ្ទេរទ្រព្យសម្បត្តិគម្រោងទៅឱ្យស្ថាប័នសាមីវិញ។
- រចនាប្លង់ សាងសង់ និងជួល : ស្ថាប័នសាមីផ្តល់សិទ្ធិជូនដៃគូឯកជនដើម្បីរចនាប្លង់ សាងសង់ ជួលទ្រព្យសម្បត្តិគម្រោងពីស្ថាប័នសាមី ធ្វើប្រតិបត្តិការ និងសេវាកម្មថែទាំ តាមខនិងលក្ខខណ្ឌដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។
- ប្រភេទគម្រោង ភ.រ.ជ.ផ្សេងទៀត។