នាយកដ្ឋានអភិវឌ្ឍន៍គម្រោង មានតួនាទី និងភារកិច្ច ដូចតទៅ៖
- គាំទ្រផ្នែកប្រតិបត្តិការដល់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលដែលទទួលបានសិទ្ធិប្រទានក្នុងការចុះកិច្ចសន្យាជាមួយដៃគូឯកជន ដើម្បីជ្រើសរើស រៀបចំរចនាសម្ព័ន្ធគម្រោង និងធ្វើកិច្ចលទ្ធកម្ម រហូតដល់ការចុះកិច្ចសន្យាគម្រោងជាស្ថាពរ។
- ធ្វើការវាយតម្លៃលើសំណើគម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយផ្អែកតាមគោលការណ៍ណែនាំស្តីពីការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង ឬគោលការណ៍ណែនាំផ្សេងៗទៀត ព្រមទាំងរៀបចំបញ្ជី សំណើគម្រោងបឋម ដែលជាមូល ដ្ឋានសម្រាប់ការធ្វើអាទិភាពវូបនីយកម្មបន្ត។
- គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃនៃការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍គម្រោង (Project Development Facility) ឬមូលនិធិស្រដៀងគ្នានេះ ឬការប្រើប្រាស់កម្រៃជោគជ័យនៃការសម្រេចគម្រោង ដើម្បីទូទាត់ជូនក្រុមទីប្រឹក្សាប្រតិបត្តិការ (Transaction Advisors) ដែលផ្តល់ការគាំទ្រលើការសិក្សា រៀបចំ និងអភិវឌ្ឍន៍គម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
- ផ្តល់នូវការគាំទ្រចាំបាច់នានាដល់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលទទួលបានសិទ្ធិប្រទាន ក្នុងការចុះកិច្ចសន្យាជាមួយដៃគូឯកជន ដើម្បីពិនិត្យលទ្ធភាពនៃការគាំទ្រហិរញ្ញវត្ថុពីប្រភពថវិកាជាតិ ឬប្រភពថវិកាផ្សេងៗ សម្រាប់សំណើគម្រោងតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលអនុលោមតាមគោលការណ៍តម្លៃនៃលុយ (Value for Money)។
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍រួម លើរាល់ការវិភាគលើហានិភ័យពាក់ព័ន្ធ រួមទាំងផលប៉ះពាល់ កាតព្វកិច្ច និងការលើកទឹកចិត្តផ្នែកសារពើពន្ធសម្រាប់រៀបចំនិងអភិវឌ្ឍន៍គម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលបានពិនិត្យនិងផ្តល់យោបល់ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យនិងសម្រេច តាមរយៈគណៈកម្មការអន្តរក្រសួង ដឹកនាំការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។
- សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យ និងវាយតម្លៃរាល់ទិដ្ឋភាពបច្ចេកទេសទិដ្ឋភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងទិដ្ឋភាពសង្គម និងបរិស្ថាន ពាក់ព័ន្ធនឹងសំណើគម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
- ផ្ដល់ការគាំទ្រក្នុងការពិនិត្យ និងអនុម័តសំណើគម្រោង តាមយន្តការភាពជាដៃគួរវាងរដ្ឋ និងឯកជន ដោយគណៈកម្មការអន្តរក្រសួងដឹកនាំការអនុវត្តគោលនយោបាយស្តីពី ការអភិវឌ្ឍយន្តការភាពជាដៃគួរវាងរដ្ឋ និងឯកជន។
- បុរេជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា ដែលមានលក្ខណៈសម្បត្តិ និងគុណវុឌ្ឍិគ្រប់គ្រាន់ ក្រោមកិច្ចសន្យាផ្តល់សេវាកម្មគ្មានកាលកំណត់ (Indefinite Delivery Contract) និងផ្តល់ការគាំទ្រដល់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការជ្រើសរើសក្រុមទីប្រឹក្សាប្រតិបត្តិការ ពីចំណោមក្រុមហ៊ុនទីប្រឹក្សាដែលបានជ្រើសរើស។
- ផ្តល់ការគាំទ្រដល់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលទទួលបានសិទ្ធិប្រទាន ក្នុងការចុះកិច្ចសន្យាជាមួយដៃគូឯកជន ដើម្បី បោះផ្សាយសេចក្តីជូនដំណឹងស្តីពីការប្រគល់កិច្ចសន្យា (Notice of Award) សម្រាប់ការអនុវត្តគម្រោង។
- អភិវឌ្ឍន៍គម្រោងសាកល្បង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីដកស្រង់បទពិសោធន៍ពាក់ព័ន្ធនានានឹងការអនុវត្តប្រភេទកិច្ចសន្យាតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងកសាងសមត្ថភាពស្ថាប័នតាមរយៈការអនុវត្តអភិក្រម “រៀនផង- ធ្វើផង” ។
- គ្រប់គ្រងកិច្ចសន្យា និងទីប្រឹក្សា/ ក្រុមហ៊ុនទីប្រឹក្សា ដែលមានតួនាទីនិងភារកិច្ចពាក់ព័ន្ធនឹងផ្នែកនេះ។
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធានអង្គភាព។
នាយកដ្ឋានប្រគល់ និង ត្រួតពិនិត្យគម្រោង មានតួនាទី និងភារកិច្ច ដូចតទៅ៖
- តាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន និងផ្តល់ការគាំទ្រប្រតិបត្តិការនិងគាំទ្រចាំបាច់ផ្សេងៗទៀត ដល់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលទទួលបានសិទ្ធិប្រទានក្នុងការចុះកិច្ចសន្យាជាមួយដៃគូឯកជន នៅក្នុងដំណាក់កាលសាងសង់ ធ្វើប្រតិបត្តិការ និងថែទាំ រហូតដល់ទ្រព្យសម្បត្តិរបស់គម្រោង និងសេវាកម្មពាក់ព័ន្ធ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាល។
- គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃនៃការប្រើប្រាស់មូលនិធិបំពេញផលហិរញ្ញវត្ថុគម្រោង (Viability Gap Facility) ឬមូលនិធិស្រដៀងគ្នានេះ ដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់គម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលបានឯកភាពជាគោលការណ៍ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- គាំទ្រក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលទទួលបានសិទ្ធិប្រទានក្នុងការចុះកិច្ចសន្យាជាមួយដៃគូឯកជនក្នុងការស្នើសុំធ្វើវិសោ- ធនកម្មកិច្ចសន្យា ស្នើសុំរំលត់កិច្ចសន្យាជាមួយដៃគូឯកជន ឬទិញយកគម្រោងពីដៃគូឯកជន។
- ចូលរួមតាមដាន និងវាយតម្លៃអំពីផលប៉ះពាល់សារពើពន្ធ កាតព្វកិច្ចសារពើពន្ធ និងការលើកទឹកចិត្តផ្នែកសារពើពន្ធដែលកើតចេញពីការអនុវត្តគម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
- ត្រួតពិនិត្យ និងវាយតម្លៃគម្រោងពេលកំពុងប្រតិបត្តិការ និងនៅពេលបញ្ចប់កិច្ចប្រតិបត្តិការ ដើម្បីវាយតម្លៃអំពីចំណាយនិងផលប្រយោជន៍ ដែលទទួលបានពីគម្រោង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន និងដកស្រង់បទពិសោធន៍នានាពីគម្រោងទាំងនោះ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងអភិវឌ្ឍន៍សំណើគម្រោងថ្មីឱ្យបានកាន់តែល្អប្រសើរឡើង។
- ពិនិត្យលើរបាយការណ៍វឌ្ឍនភាពនានា រួមទាំងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងដើម្បីធានាថាដៃគូឯកជនបានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ស្របតាមលក្ខខណ្ឌដូចមានចែងក្នុងកិច្ចសន្យា។
- ចូលរួមជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលទទួលបានសិទ្ធិប្រទានក្នុងការចុះកិច្ចសន្យា ជាមួយដៃគួឯកជនអនុវត្តការដាក់វិធានការចំពោះដៃគូឯកជន ដូចជាការពិន័យ ឬការកាត់បន្ថយការទូទាត់ជូនដៃគូឯកជន។
- គ្រប់គ្រងកិច្ចសន្យា និងទីប្រឹក្សា/ ក្រុមហ៊ុនទីប្រឹក្សា ដែលមានតួនាទី និងភារកិច្ចពាក់ព័ន្ធនឹងផ្នែកនេះ។
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធានអង្គភាព។
នាយកដ្ឋានកិច្ចការទូទៅ មានតួនាទី និងភារកិច្ច ដូចតទៅ៖
- ជាលេខាធិការដ្ឋានរបស់ អ.រ.ជ.
- ជាច្រកចេញ-ចូល សម្រាប់ឯកសារពាក់ព័ន្ធនឹងការងាររបស់ អ.រ.ជ.
- ជាកន្លែងតម្កល់ឯកសារនិងលិខិតស្នាមផ្សេងៗរបស់ អ.រ.ជ.
- ទទួលបន្ទុកការងារពិធីការរបស់ អ.រ.ជ.
- សម្របសម្រួលរៀបចំគម្រោងថវិកា និងទទួលបន្ទុកការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យរបស់ អ.រ.ជ.
- គ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ អ.រ.ជ.
- សម្របសម្រួលនិងរៀបចំកិច្ចប្រជុំនានារបស់ អ.រ.ជ.
- គ្រប់គ្រង និងធ្វើសារពើភណ្ឌគ្រឿងបរិក្ខារ និងសម្ភារៈការិយាល័យរបស់ អ.រ.ជ.
- រៀបចំ គ្រប់គ្រង និងថែរក្សាប្រព័ន្ធព័ត៌មានវិទ្យារបស់ អ.រ.ជ.
- រៀបចំ និងគ្រប់គ្រងគេហទំព័ររបស់ អ.រ.ជ.
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធានអង្គភាព។