ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ

មូលនិធិអភិវឌ្ឍន៍គម្រោង

សាវតារ

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនូវមូលនិធិអភិវឌ្ឍន៍គម្រោងថ្នាក់កណ្តាល ដែលជ្រកនៅក្រោម
យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ - ២០២៥ ដើម្បីផ្តល់ថវិកាគាំទ្រដល់ការងាររៀបចំ និងអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ។ គោលបំណង នៃការរៀបចំបង្កើតឱ្យមាននូវមូលនិធិអភិវឌ្ឍន៍គម្រោងនេះ គឺដើម្បីដើរតួជាកញ្ចប់ថវិកាជាក់លាក់មួយសម្រាប់ប្រើប្រាស់លើចំណាយ​ការងារអភិវឌ្ឍ, ការងាររៀបចំ និងការងារអនុវត្តកិច្ចលទ្ធកម្មគម្រោងវិនិយោគសាធារណៈក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ, គម្រោងប្រើប្រាស់ថវិកាជាតិ និងគម្រោងតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។ មូលនិធិអភិវឌ្ឍន៍គម្រោងថ្នាក់កណ្តាលនេះរួមបញ្ចូលនូវច្រកចំនួន ៣​ ក្នុងការផ្តល់ជំនួយថវិកា ដែលរួមមានដូចជា៖ ច្រកគម្រោងក្រោមជំនួយហិរញ្ញប្បទានពីប្រភពខាងក្រៅ, ច្រកគម្រោងប្រើប្រាស់ថវិកាជាតិ​ និងច្រកគម្រោងតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។

ការបង្កើតឡើងនូវច្រកសម្រាប់គម្រោងតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (ហៅថា​ PDF សម្រាប់គម្រោង PPP) ត្រូវបានចែងនៅក្នុងមាត្រាទី១២​ នៃច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ​ PDF សម្រាប់គម្រោង PPP នឹងគាំទ្រដល់សកម្មភាពប្រើប្រាស់សេវាកម្មទីប្រឹក្សា ដោយផ្តល់ជាការគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់ស្ថាប័នសាមី ដើម្បីរៀបចំ និងអនុវត្តកិច្ចលទ្ធកម្មគម្រោង PPP​ ប្រកបដោយគុណភាព និងដើម្បីទូទាត់ចំណាយសេវាកម្មផ្សេងៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានតួនាទីក្នុងការតាក់តែងគោលនយោបាយ និងគោលការណ៍ណែនាំ​ស្តីពីការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ គម្រោងថ្នាក់កណ្តាលនិងច្រកគម្រោងទាំង៣នៃមូលនិធិនេះ, ការគ្រប់គ្រងនិងត្រួតពិនិត្យ, និងការអនុម័តលើពាក្យស្នើសុំឬសំណើសុំថវិកាគាំទ្រ។​ អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន មានតួនាទីធ្វើប្រតិបត្តិការ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់​ PDF​ ក៏ដូចជាដើរតួជា ជនបង្គោលក្នុងការពិនិត្យ និងវាយតម្លៃការជ្រើសរើសគម្រោង PPP​និងការផ្តល់ថវិកាពី PDF។

ការគាំទ្ររបស់មូលនិធិអភិវឌ្ឍន៍គម្រោង

PDF នឹងត្រូវប្រើប្រាស់ ដើម្បីទូទាត់ចំណាយសេវាកម្មទីប្រឹក្សា ដែលគាំទ្រដល់ការងាររៀបចំអភិវឌ្ឍ និងអនុវត្តគម្រោង PPP ដែលផ្តួចផ្តើមដោយរដ្ឋ។ វិសាលភាពនៃសេវាកម្មទីប្រឹក្សាខាងលើ មានដូចជា៖

  • ការរៀបចំការសិក្សាសមិទ្ធិលទ្ធភាព។ ក្នុងករណីខ្លះ ការធ្វើបុរេសិក្សាសមិទ្ធិលទ្ធភាពនឹងត្រូវបានអនុញ្ញាតឱ្យមានការរៀបចំ ប្រសិនបើការសិក្សានោះស្ថិតនៅក្នុងកញ្ចប់រួមជាមួយការសិក្សាសមិទ្ធិលទ្ធភាពពេញលេញ,
  • ការពិនិត្យមើល និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៅក្នុងការសិក្សាសមិទ្ធិលទ្ធភាព,
  • ការសិក្សាដែលមានតម្រូវការចាំបាច់ ដូចជាការស្ទាបស្ទង់ឆន្ទៈក្នុងការប្រើប្រាស់ និងបង់ថ្លៃប្រើប្រាស់,
  • ការសិក្សាវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គម,
  • ការរៀបចំគ្រោងឡើងនូវគម្រោង និងទម្រង់ហិរញ្ញវត្ថុ,
  • ការរៀបចំគំរូហិរញ្ញវត្ថុ, គំរូផ្នែកច្បាប់, គំរូបទបញ្ញត្តិ និងការពិនិត្យនិងវាយតម្លៃពន្ធអាករ,
  • ការធ្វើកិច្ចលទ្ធកម្មសម្រាប់ជ្រើសរើសដៃគូឯកជន,
  • ការចរចារលើកិច្ចសន្យា PPP និងការផ្តល់គម្រោងដល់អ្នកដេញថ្លៃឈ្នះ,
  • ការរៀបចំវិធីសាស្រ្តគ្រប់គ្រងកិច្ចសន្យា PPP, និង
  • ការផ្តល់សេវាគាំទ្រលើការងារប្រតិបត្តិការបន្ទាប់បន្សំរហូតដល់កិច្ចសន្យាត្រូវបានចុះហត្ថលេខា។

PDF សម្រាប់គម្រោង PPP គឺប្រើប្រាស់លើកិច្ចការជួលសេវាកម្មទីប្រឹក្សា សម្រាប់គម្រោង ​PPP ដែលផ្តួចផ្តើមដោយរដ្ឋ។ ក្នុងករណីដែលគម្រោង PPP ត្រូវបានផ្តួចផ្តើមដោយឯកជន, រាល់ចំណាយលើការរៀបចំ និងអភិវឌ្ឍគម្រោងនោះនឹងត្រូវបានដៃគូឯកជនជាអ្នករ៉ាប់រង ហេតុដូច្នេះគឺមិនមានការស្នើសុំថវិកាគាំទ្រពី PDF សម្រាប់គម្រោង PPP​ ប្រភេទនេះទេ។

លក្ខណសម្បត្តិគ្រប់គ្រាន់

ថវិកាគាំទ្ររបស់ PDF សម្រាប់គម្រោង PPP គឺអាចផ្តល់ឱ្យតែគម្រោង PPP ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងស្ថិតនៅក្នុងបញ្ជីគម្រោងអាទិភាពរបស់ PPP ប៉ុណ្ណោះ ហើយបញ្ជីនេះដែរគឺត្រូវបានសម្រេច និងអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បន្ទាប់ពីបានជ្រើសរើសគម្រោងយ៉ាងល្អិតល្អន់ស្របតាមសេចក្តីណែនាំស្តង់ដារប្រតិបត្តិការកម្រិត II ស្តីពី “គោលការណ៍ណែនាំសម្រាប់កំណត់ និងជ្រើសរើសគម្រោង PPP”។

វិធីសាស្រ្តក្នុងការស្នើសុំ

ស្ថាប័នសាមីត្រូវដាក់ពាក្យស្នើសុំដែលមានទម្រង់ដូចដែលបានកំណត់ មានដូចជា៖ ពត៌មានគម្រោង, ឈ្មោះ
សេវាកម្មដែលមានតម្រូវការ និងលក្ខខណ្ឌយោងនៃសេវាកម្មទីប្រឹក្សា (ដូចដែលមានចែងក្នុងសេចក្តីណែនាំស្តង់ដារប្រតិបត្តិការកម្រិត II និងកម្រិត III)។