menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

អំពីស្ថាប័ន

អំពីស្ថាប័ន

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវមានអគ្គនាយកដ្ឋានមួយជាសេនាធិការក្នុងការដឹកនាំ និងគ្រប់គ្រងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននៅព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋាននេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.) បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា លើបេសកកម្ម ក្នុងការទទួលពិនិត្យ និងវាយតម្លៃរាល់សំណើគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (ហៅកាត់ ភ.រ.ជ.) ក្នុងគ្រប់ដំណាក់កាលនៃវដ្តគម្រោង។

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន មានភារកិច្ច ដូចតទៅ៖

  • ផ្តល់យោបល់លើការអភិវឌ្ឍគោលនយោបាយ ភ.រ.ជ. និងដឹកនាំការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការអនុវត្តយន្តការ ភ.រ.ជ.
  • ពិនិត្យ និងផ្តល់យោបល់លើការអនុម័តសំណើគម្រោង ភ.រ.ជ. ដើម្បីធ្វើអាទិភាវូបនីយកម្មសំណើគម្រោង ភ.រ.ជ. ទៅក្នុងបញ្ជីគម្រោងអាទិភាព ភ.រ.ជ
  • រៀបចំគោលការណ៍ណែនាំស្តីពីការវិភាគហិរញ្ញវត្ថុ
  • ពិនិត្យ និងផ្តល់យោបល់លើសមិទ្ធិលទ្ធភាពផ្នែកហិរញ្ញវត្ថុរបស់សំណើគម្រោង ភ.រ.ជ.
  • ពិនិត្យ និងផ្តល់យោបល់លើការបែងចែកហានិភ័យនៃគម្រោង ភ.រ.ជ. រវាងភាគីរដ្ឋ និងដៃគូឯកជន
  • រៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហានិភ័យ និងការគាំទ្ររដ្ឋ
  • ពិនិត្យ និងផ្តល់យោបល់លើកាតព្វកិច្ចហិរញ្ញវត្ថុសាធារណៈ និងការគាំទ្ររបស់រដ្ឋ សម្រាប់គម្រោង ភ.រ.ជ.
  • ពិនិត្យ និងផ្តល់យោបល់លើកិច្ចសន្យា ភ.រ.ជ. និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត
  • សហការជាមួយស្ថាប័នសាមី​ និងក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពិនិត្យ និងតាមដានការអនុវត្តកាតព្វកិច្ចរបស់ភាគី ដោយអនុលោមតាម ខ និងលក្ខខណ្ឌ នៃកិច្ចសន្យា ភ.រ.ជ. និងបទដ្ឋានគតិយុត្តជាធរមាន
  • ពិនិត្យ និងផ្តល់យោបល់លើថវិកាប្រចាំឆ្នាំរបស់ស្ថាប័នសាមីពាក់ព័ន្ធនឹងកាតព្វកិច្ចហិញ្ញវត្ថុសាធារណៈ និងការគាំទ្ររបស់រដ្ឋ ក្រោមក្របខណ្ឌគម្រោង ភ.រ.ជ.
  • រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការធ្វើបច្ចុប្បន្នកម្មនៃកាតព្វកិច្ចហិរញ្ញវត្ថុសាធារណៈ និងការគាំទ្រពីរដ្ឋ ក្រោមក្របខណ្ឌកិច្ចសន្យា ភ.រ.ជ. ដែលត្រូវបំពេញដោយភាគីរដ្ឋ
  • រៀបចំថវិកា គ្រប់គ្រង និងធ្វើប្រតិបត្តិការប្រមូលនិធិអភិវឌ្ឍន៍គម្រោង និងមូលនិធិបំពេញផលហិរញ្ញវត្ថុ
  • ផ្តល់ការគាំទ្រដល់ការរៀបចំអភិវឌ្ឍន៍គម្រោង ភ.រ.ជ. និងការបណ្តុះបណ្តាលសមត្ថភាពពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោង ការត្រួតពិនិត្យ និងតាមដានការអនុវត្តគម្រោង ភ.រ.ជ. ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល
  • រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់កម្មវិធី/គម្រោង ភ.រ.ជ. នៅកម្ពុជា
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បេសកកម្ម

អ.រ.ជ. មានបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ សម្របសម្រួល និងគ្រប់គ្រងគម្រោងភ.រ.ជ. ប្រកបដោយនវានុវត្តន៍ និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកគាំទ្រដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងបង្កើនភាពប្រកួតប្រជែងនៅកម្ពុជា។