វដ្តនៃគម្រោង ភ.រ.ជ. ផ្តួចផ្តើមដោយរដ្ឋ ត្រូវបានកំណត់ដូចខាងក្រោម៖
- ការធ្វើអត្តសញ្ញាណកម្មគម្រោង៖ ស្ថាប័នសាមីត្រូវធ្វើអត្តសញ្ញាណកម្មគម្រោងដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍនិងអនុវត្តតាមយន្តការ ភ.រ.ជ។
- ការជ្រើសរើសគម្រោង៖ ស្ថាប័នសាមីដែលមានបំណងរៀបចំអភិវឌ្ឍនិងអនុវត្តគម្រោងតាមយន្តការ ភ.រ.ជ. ត្រូវវាយតម្លៃសក្តានុពលភាព និងអាទិភាពនៃគម្រោងនោះ មុននឹងរៀបចំសំណើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ ជ្រើសរើស និងសម្រេចកំណត់សំណើគម្រោង ជាគម្រោងមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងដាក់បញ្ចូលសំណើគម្រោងនោះទៅក្នុងបញ្ជីគម្រោងអាទិភាពក្នុងក្របខ័ណ្ឌគម្រោង ភ.រ.ជ.។ ការវាយតម្លៃគម្រោងដោយស្ថាប័នសាមី និងការជ្រើសរើសសំណើគម្រោងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្អែកទៅលើលក្ខណវិនិច្ឆ័យ ដូចមានចែងក្នុងមាត្រា៩នៃច្បាប់ស្តីពី ភ.រ.ជ.។
- ការរៀបចំអភិវឌ្ឍគម្រោង៖ ស្ថាប័នសាមីដែលមានសមត្ថកិច្ចក្នុងវិស័យពាក់ព័ន្ធនឹងគម្រោងមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវចាត់ ចែងឱ្យមានការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនោះ។
- ការអនុម័តគម្រោង៖ ប្រសិនបើស្ថាប័នសាមីឯកភាពតាមលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ស្ថាប័នសាមីត្រូវលើកសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យមុននឹងបន្តនីតិវិធីជាធរមាន។
- កិច្ចលទ្ធកម្ម៖ បន្ទាប់ពីការអនុម័តលើគម្រោង ស្ថាប័នសាមីត្រូវអនុវត្តកិច្ចលទ្ធកម្ម ដូចមានចែកក្នុងជំពូកទី៦ នៃច្បាប់ស្តីពី ភ.រ.ជ. ដើម្បីជ្រើសរើសបេក្ខភាពដៃគូឯកជនក្នុងការអនុវត្តគម្រោង ភ.រ.ជ.។
- ការចរចាលើកិច្ចសន្យា ភ.រ.ជ.៖ បន្ទាប់ពីការជ្រើសរើសបេក្ខភាពដៃគូឯកជនរួចហើយ ស្ថាប័នសាមីត្រូវដឹកនាំក្រុមការងាររបស់រាជ-រដ្ឋាភិបាល ក្នុងការចរចាលើខនិងលក្ខខណ្ឌនៃសេចក្តីព្រាងកិច្ចសន្យា ភ.រ.ជ.។
- ការអនុម័តលើសេចក្តីព្រាងចុងក្រោយនៃកិច្ចសន្យា ភ.រ.ជ.៖ បន្ទាប់ពីការចរចាលើសេចក្តីព្រាងកិច្ចសន្យា ភ.រ.ជ. ត្រូវបានបញ្ចប់ ស្ថាប័នសាមីត្រូវស្នើសុំការសម្រេចអនុម័តពីរាជរដ្ឋាភិបាលលើសេចក្តីព្រាងចុងក្រោយនៃកិច្ចសន្យា ភ.រ.ជ. បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឯកភាពជាគោលការណ៍ដូចមានដែក្នុងចំណុច២ កថាខណ្ឌ១ ក្នុងមាត្រា២១ នៃច្បាប់ស្តីពី ភ.រ.ជ។
- ការចុះហត្ថលេខាលើកិច្ចសន្យា ភ.រ.ជ.៖ ស្ថាប័នសាមីដែលទទួលបានប្រតិភូកម្មអំណាចស្របច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងនាមជាភាគីរដ្ឋ និងដៃគូឯកជនត្រូវចុះហត្ថលេខាលើកិច្ចសន្យា ភ.រ.ជ. ដោយមានការចុះហត្ថលេខារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ការអនុវត្តនិងគ្រប់គ្រងកិច្ចសន្យា ភ.រ.ជ.៖
- គូឯកជនត្រូវទទួលខុសត្រូវជាចម្បង ចំពោះការរៀបចំហិរញ្ញប្បទាន ការរចនាប្លង់វិស្វកម្មលម្អិត ការអនុវត្តកិច្ចលទ្ធកម្មជ្រើសរើសអ្នកម៉ៅការ ការងារសាងសង់ ការងារប្រតិបត្តិការ និង/ឬការងារថែទាំ ដោយស្របតាមខនិងលក្ខខណ្ឌដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ. និងអនុលោមតាមបទប្បញ្ញត្តិក្នុងជំពូកទី៩ នៃច្បាប់ស្តីពី ភ.រ.ជ។
- ស្ថាប័នសាមីត្រូវគ្រប់គ្រង តាមដាន និងរៀបចំរបាយការណ៍អំពីការអនុវត្តកិច្ចសន្យា ភ.រ.ជ. ដែលខ្លួនបានចុះហត្ថលេខា ដោយអនុលោមតាមមាត្រា៤០នៃច្បាប់ស្តីពី ភ.រ.ជ.។