ក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី បានរៀបចំសិក្ខាសាលាមួយជាលើកដំបូងក្នុងចំណោមសិក្ខាសាលាដើម្បីកសាងសមត្ថភាពចំនួនបី ស្តីពីភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងឯកជន (PPP) សម្រាប់មន្ត្រីជាន់ខ្ពស់ប្រមាណ៧០នាក់។ គោលបំណងនៃសិក្ខាសាលាទាំងបីនេះ គឺគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគម្រោង PPP ប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក អនឌ្រីស សាប្រាក ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំកម្ពុជា។
កម្មវិធីពង្រឹងសមត្ថភាពនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមភាពជាដៃគូសម្រាប់ហេដ្ឋា រចនាសម្ព័ន្ធ (P4I) របស់រដ្ឋាភិបាលអូស្ត្រាលី ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) របស់កម្ពុជា។ កម្មវិធីនេះផ្តល់ការណែនាំជាក់ស្តែងដល់កម្ពុជា លើការអភិវឌ្ឍ និងអនុវត្តគម្រោង PPP។ វាត្រូវបានរៀបចំឡើងជាពិសេសសម្រាប់កម្ពុជា ក្នុងការអនុវត្តក្របខ័ណ្ឌគ្រប់គ្រង PPP រួមមាន ច្បាប់ PPP អនុក្រឹត្យស្តីពីនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់គម្រោង PPP និងគោលការណ៍ណែនាំមួយចំនួន។
សិក្ខាសាលានេះបានប្រព្រឹត្តឡើង កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា។ សិក្ខាសាលាលើកទីមួយនេះ ផ្តោតលើដំណាក់កាលដំបូងនៃការអភិវឌ្ឍគម្រោង PPP ដែលមានរួមបញ្ចូលប្រធានបទស្តីពី វដ្តនៃគម្រោងPPP គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំស្តីពីការអនុវត្តគម្រោង PPP ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
លោក អនឌ្រីស សាប្រាក បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីមានបទពិសោធន៍ជាច្រើនក្នុងការអនុវត្តគម្រោង PPP ដើម្បីជួយដល់ការសាងសង់ ការថែទាំ និងដាក់ឱ្យដំណើការនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
លោក អនឌ្រីស សាប្រាក បានមានប្រសាសន៍បន្ថែមថា “ប្រទេសអូស្ត្រាលីមានក្របខណ្ឌដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ សម្រាប់ការធ្វើនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធស្មុគស្មាញ រួមទាំងតាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ផងដែរ។ សិក្ខាសាលានេះ ផ្អែកលើការអនុវត្តល្អបំផុត ទាំងរបស់អូស្ត្រាលី និងអន្តរជាតិ ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តគម្រោង PPP ដែលត្រូវបានកែសម្រួលស្របទៅនឹងស្ថានភាពរបស់ប្រទេសកម្ពុជា»។
អ្នកជំនាញអូស្ត្រាលីមកពី Transport for New South Wales, Infrastructure Victoria និង New South Wales Treasury បានមកធ្វើបទបង្ហាញក្នុងវគ្គសិក្ខាសាលានេះ។ Ernst & Young ក៏បានបញ្ជូនអ្នកជំនាញផ្នែកវិស័យឯកជនអូស្ត្រាលី មកផងដែរ។
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “សិក្ខាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញ របស់មន្ត្រីរដ្ឋាភិបាល ដែលនឹងត្រូវធ្វើការជាមួយវិស័យឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធស្មុគស្មាញ ដើម្បីជំរុញការអភិវឌ្ឍដល់ប្រទេសជាតិរបស់យើង។ ការផ្តល់សិក្ខាសាលាស្តីពីការកសាងសមត្ថភាពនេះ មានសារៈសំខាន់ចំពោះការអនុវត្តក្របខ័ណ្ឌគម្រោង PPP ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។
ឯកឧត្តមបានបន្ថែមថា “ភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងឯកជន អាចជួយកម្ពុជាទាក់ទាញការវិនិយោគបន្ថែមពីវិស័យឯកជនលើហេដ្ឋារចនាសម្ព័ន្ធ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាបន្ន”។
សិក្ខាសាលាទីពីរនិងទីបីដែលនឹងធ្វើនៅប៉ុន្មានខែខាងមុខនេះ នឹងផ្តោតលើប្រធានបទស្តីពី ដំណើរការលទ្ធកម្មសម្រាប់គម្រោង PPP ការផ្តល់ហិរញ្ញប្បទាន កិច្ចសន្យានិងការគ្រប់គ្រង ព្រមទាំងការផ្តោតទៅលើសមភាពយេនឌ័រ បរិយាបន្នសង្គម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។