ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី៣ ស្តីពី“ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន” ឬហៅជាភាសាអង់គ្លេសថា“Law On Public-Private Partnerships”និង “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ)” ឬហៅជាភាសាអង់គ្លេសថា“The Standard Operating Procedures for Public-Private Partnerships Projects”ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយក្របខ័ណ្ឌ ភ.រ.ជ នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង និងវិស័យឯកជន។
សិក្ខាសាលាផ្សព្វផ្សាយលើកទី៣ នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមមាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងនោះ សិក្ខាសាលាផ្សព្វផ្សាយ ក៏នឹងមានការរៀបចំនូវកម្មវិធីវេទិកាពិគ្រោះយោបល់ក្រោមប្រធានបទ “គម្រោង ភ.រ.ជ សម្រាប់វិស័យដឹកជញ្ជូន នៅកម្ពុជា”ជាមួយតួអង្គសំខាន់ៗក្នុងវិស័យនេះ ផងដែរ។
គួរបញ្ជាក់ថា“ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន”បានដាក់ឱ្យប្រើប្រាស់ដោយព្រះរាជក្រម លេខនស/រកម/១១២១/០១៨ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១និងបន្ទាប់មកក៏បានអនុម័តនិងដាក់ឱ្យប្រើប្រាស់នូវ“នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង ភ.រ.ជ”តាមរយៈអនុក្រឹត្យលេខ១៧៤អនក្រ.បកចុះថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរៀបចំការអនុវត្ត និងការគ្រប់គ្រងគម្រោង ភ.រ.ជ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនៅកម្ពុជា។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសិក្ខាសាលាលើកទី៣ ស្តីពី“ច្បាប់ស្តីពី ភ.រ.ជ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង ភ.រ.ជ”ដែលនឹងប្រព្រឹត្តទៅដូចរៀបរាប់ខាងលើ កុំបីអាក់ខាន៕