ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UNCDF) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន" ឬ ហៅកាត់ថា "នីតិវិធី SOP for PPP Projects" នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដើម្បីភាគីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅ អំពីក្របខ័ណ្ឌគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
សិក្ខាសាលានេះ បានរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ២០០នាក់។
បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច បានថ្លែងថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តនីតិវិធី SOP for PPP Projects តាមរយៈអនុក្រឹត្យលេខ១៧៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវនីតិវិធី SOP for PPP Projects ជូនភាគីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីក្របខ័ណ្ឌគ្រប់គ្រងគម្រោង PPP ជាពិសេសលើកកម្ពស់ការអនុវត្តគម្រោងឱ្យអនុលោមជាមួយនឹងច្បាប់ និងនីតិវិធី SOP នៅគ្រប់ដំណាក់កាលនៃវដ្តគម្រោង។
លោកបន្តថា នីតិវិធី SOP នេះ ត្រូវបានគិតគូរឡើងនៅក្នុងបរិការណ៍សំខាន់ចំនួន៤៖ ទី១-ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្តើរៗ នូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជា, ទី២-កម្ពុជា និងពិភពលោកបានកំពុងជួបប្រទះនូវបញ្ហាប្រឈមថ្មីៗ រួមមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែន បន្ថែមលើផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ កន្លងមក, ទី៣-ការខិតខំបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង "អន្ទាក់នៃថ្លៃ" ដែលអាចកើតឡើង តាមរយៈការចុះកិច្ចសន្យារយៈពេលវែង ជាមួយវិស័យឯកជន ដោយត្រូវមានការត្រួតពិនិត្យ គម្រោងឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ និងទី៤-ភាពចាំបាច់ក្នុងការបង្កើនការចូលរួម ពីដៃគូឯកជនក្នុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរ។
លោកបានមានប្រសាសន៍បន្ថែមថា នីតិវិធី SOP នេះនឹងរួមចំណែកបង្កើតក្របខ័ណ្ឌគ្រប់គ្រងគម្រោង PPP កាន់តែរឹងមាំ ដោយបានកំណត់អំពីយន្តការស្ថាប័នមានសមត្ថកិច្ច, នីតិវិធី និងជំហានលម្អិត ដូចជាការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង, ការសិក្សា និងវាយតម្លៃ, ការជ្រើសរើសដៃគូឯកជន និងទីប្រឹក្សា, ការរៀបចំកិច្ចសន្យា និងយន្តការគាំទ្រហិរញ្ញវត្ថុ, ការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោង PPP, និងការតាមដានការអនុវត្តគម្រោង។ ដូចនេះ ការសម្រេចដាក់ឱ្យអនុវត្តនីតិវិធី SOP នេះរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺម្ខាងដើម្បីគាំទ្រដល់ច្បាប់ស្តីពី PPP និងម្ខាងទៀតដើម្បីគ្រប់គ្រងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោង PPP ឱ្យកាន់តែពេញលេញ និងមានប្រសិទ្ធភាព។
លោកបន្តថា នីតិវិធី SOP នេះត្រូវបានរៀបចំយ៉ាងលម្អិត និងបានគិតគូរ ផ្អែកលើបរិការណ៍កម្ពុជានិងឧត្តមានុវត្តន៍អន្តរជាតិ ហើយត្រូវបានបែងចែកជា ០៣ ភាគ រួមមាន៖ភាគ១ ស្តីពីគោលនយោបាយ និងនីតិវិធី (Policies and Procedures), ភាគ២ ស្តីពីគោលការណ៍ណែនាំ (Guidelines) និងភាគ៣ ស្តីពីនីតិវិធីគ្រប់គ្រងលទ្ធកម្មគម្រោង (Procurement Manual) ហើយបានដាក់ឆ្លងការដាក់ពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងត្រូវបានកែសម្រួលជាច្រើនលើកច្រើនសារ។ ការដាក់ឱ្យអនុវត្តនីតិវិធី SOP នេះ ជាសមិទ្ធិផលមួយទៀតរបស់រាជរដ្ឋាភិបាល ដែលត្រូវបានសាទរ និងវាយតម្លៃខ្ពស់ពីសំណាក់ដៃគូពាក់ព័ន្ធ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , ធនាគារពិភពលោក (World Bank), មូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UNCDF), និងក្រុមការងារ P4I នៃរដ្ឋាភិបាលអូស្រ្តាលី ជាដើម។
លោកបានឱ្យដឹងផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏នឹងរៀបចំអនុវត្តផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សលើការគ្រប់គ្រងយន្តការ PPPនាពេលខាងមុខផងដែរ៕