menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

សិក្ខាសាលា

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥”

នាថ្ងៃ​ទី ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥ក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលាពិគ្រោះយោបល់មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលទាំងថ្នាក់-ជាតិ និងថ្នាក់ក្រោមជាតិ, សហគ្រាសសាធារណៈ និងតំណាងដៃគូអភិវឌ្ឍ ដែលមានអ្នកចូលរួមសរុបចំនួន ១២២ នាក់ ក្រោមការសម្របសម្រួលរបស់អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្នុងឱកាសនេះ ឯកឧត្តម មាស សុខសេនសាន  បានថ្លែងថា ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន គឺជាមុំដ៏សំខាន់មួយក្នុងការគាំទ្រការធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន  (PPP) សំដៅគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបន្ថយសម្ពាធថវិកាជាតិ និងបន្ទុកបំណុលសាធារណៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា​ ទន្ទឹមនឹងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាលមានតម្រូវការធ្វើអាទិភាវូបនីយកម្មវិស័យសំខាន់ៗដែលជាចន្ទល់សេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមខាងមុខ ដើម្បីអនុវត្តគម្រោងតាមយន្តការ PPPប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាអតិបរមា។ ឈរលើមូលដ្ឋាននេះ សិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ “ការកំណត់វិស័យអាទិភាពសម្រាប់គម្រោង PPP ឆ្នាំ២០២៥-២០៣៥”ត្រូវបានរៀបចំឡើងសំដៅធានានូវភាពគ្រប់ជ្រុងជ្រោយ និងសង្គតិភាពនូវវិស័យអាទិភាពសម្រាប់គម្រោង PPP ឱ្យស្របនឹងទិសដៅគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងគោលនយោបាយវិនិយោគរបស់ក្រសួង ស្ថាប័នផ្សេងៗ តាមរយៈការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការគិតគូរជាយុទ្ធសាស្ត្រលើការវិនិយោគសាធារណៈ និងជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈតាមយន្តការ PPP ខាងលើ
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា ការកំណត់វិស័យអាទិភាពសម្រាប់គម្រោង PPP សម្រាប់ឆ្នាំ២០២៥-២០៣៥ នឹងជួយគាំទ្រដល់ក្រសួង និងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាស្ថាប័នសាមី ក្នុងការសម្រួចផែនការវិនិយោគ PPP របស់ខ្លួន ឱ្យស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងរក្សាភាពជាម្ចាស់លើដំណើរការរៀបចំអភិវឌ្ឍគម្រោងដោយធ្វើការជ្រើសរើសប្រភព​ ហិរញ្ញប្បទានដែលស្រមស្រប និងផ្តល់នូវតម្លៃនៃលុយ (Value for Money)។
ជាលទ្ធផល អង្គសិក្ខាសាលាបានចូលរួមពិភាក្សាដោយយកចិត្តទុកដាក់ និងបានលើកឡើងនូវមតិយោបល់យ៉ាងផុសផុល ប្រកបទៅដោយភាពប្រាកដនិយម និងចក្ខុវិស័យរយៈពេលវែង ដែលកិច្ច-ពិភាក្សានេះបានផ្តល់នូវពុទ្ធិបន្ថែមដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលនូវធាតុចូល ដើម្បីសិក្សា និងរៀបចំកំណត់នូវវិស័យអាទិភាពសម្រាប់គម្រោង
PPP សម្រាប់រយៈពេល ១០ ឆ្នាំ (ឆ្នាំ២០២៥-២០៣៥) ឱ្យកាន់តែមានមូលដ្ឋានរឹងមាំ និងគ្រប់ជ្រុងជ្រោយ និងសមស្របទៅនឹងបរិបទរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ជាកិច្ចបញ្ចប់
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះតំណាងធនាគារពិភពលោក ដែលបានចូលរួមធ្វើបទបង្ហាញស្តីពី ការវាយតម្លៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា(Cambodia Public Finance Review)ដែលជាធាតុចូលជួយតម្រង់ទិសក្នុងការអនុវត្តដំណាក់កាលបន្ទាប់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងការកំណត់វិស័យអាទិភាពសម្រាប់ការវិយោគគម្រោងសាធារណៈតាមយន្តការ PPP​ ក៏ដូចជាថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, សហគ្រាសសាធារណៈ និងតំណាងដៃគូអភិវឌ្ឍ ដែលបានផ្តល់ធាតុចូល និងអនុសាសន៍ដ៏មានតម្លៃ ក្នុងការកំណត់នូវវិស័យអាទិភាពសម្រាប់គម្រោង PPP រយៈពេល ១០ ឆ្នាំ ខាងមុខ