នៅខែកុម្ភៈ ឆ្នាំ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នៅកម្ពុជា” ដំណាក់កាលទី៣ក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងក្រោមយន្ដការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), តំណាងអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រុមការងារកម្មវិធីPartnerships for Infrastructure (P4I) នៃរាជរដ្ឋាភិបាលអូស្រា្តលី, និងតំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលដែលទទួលបានកិច្ចសហការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈក្រុមការងារ P4I ដើម្បីចែករំលែកផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីវដ្តនៃគម្រោង PPP, ច្បាប់ស្តីពី PPP, នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង PPP, និងក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPPឱ្យបានពេញលេញជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគម្រោងដោយផ្ទាល់នៅតាមក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដើម្បីគាំទ្រដល់ការអភិវឌ្ឍនិងការអនុវត្តគម្រោងវិនិយោគសាធារណៈតាមយន្ដការ PPP នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពនិងស័ក្កិសិទ្ធិភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចជូនអង្គសិក្ខាសាលាផងដែរថា វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្សនៅកម្ពុជា (Capacity Building Plan) ដែលរៀបចំឡើងក្រោមជំនួយបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី ក្រោមក្របខ័ណ្ឌកម្មវិធី P4I ដោយផ្អែកទៅលើការវិភាគនៃតម្រូវការជាក់ស្តែង (Needs Assessment) សម្រាប់យន្តការ PPP នៅកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនេះត្រូវបានក្រុមការងារ P4I រៀបចំឡើងយ៉ាងលម្អិតដោយគ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃវដ្តគម្រោងPPP និងត្រូវបានឆ្លងកាត់ការប្រជុំពិភាក្សាជាបន្តបន្ទាប់ដើម្បីពិនិត្យ, កែសម្រួលនិងផ្តល់យោបល់ឱ្យស្របតាមច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងឧត្តមានុវត្តអន្ដរជាតិ។
កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនេះត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាល, ផ្អែកតាមសមិទ្ធិផលនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី១ និងទី២ កន្លងមក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រុមការងារ P4I បានបន្ដកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនៅដំណាក់កាលទី៣នេះ ដោយសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។ វគ្គបណ្តុះបណ្តាលដំណាក់កាលទី៣ ស្ដីពី “ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នៅកម្ពុជា” ត្រូវបានរៀបចំឡើងជា ២ កម្រិត ដោយបែងចែក សម្រាប់កម្រិតថ្នាក់ដឹកនាំ ប្រព្រឹត្តឡើងរយៈពេលកន្លះថ្ងៃ គឺថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា និងសម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ទី១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយការបញ្ចប់វគ្គបណ្តុះបណ្តាលដំណាក់កាលទី៣នេះ ក៏តម្រូវឱ្យសិក្ខាកាមដែលបានចូលរួមធ្វើការប្រឡងនៅ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួម។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ក្រេបយកនូវចំណេះដឹង ព្រមទាំងបានចាប់យកឱកាសដ៏មានតម្លៃនេះ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ទៅលើប្រធានបទនៃកម្មវិធីសិក្សានីមួយៗ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមការងារ P4I ដើម្បីពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាបន្តបន្ទាប់ទៀត ស្របតាមផែនការកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា។