នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ”ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងក្រុមហ៊ុនអចលនទ្រព្យ។ សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលសំខាន់ៗ ដើម្បីជាមូលដ្ឋានក្នុងការគិតគូរជាយុទ្ធសាស្ត្រ និងធានានូវភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយខាងលើ។
សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងរៀបចំក្រោមកិច្ចសម្របសម្រួលដោយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាលេខាធិការដ្ឋាននៃ“គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ”។ ទន្ទឹមនេះ សិក្ខាសាលាពិគ្រោះយោបល់នឹងមានរៀបចំការធ្វើបទបង្ហាញស្តីពីទស្សនាទានសំខាន់ៗនៃការធ្វើបច្ចុប្បន្នភាពគោលនយោបាយ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាផងដែរ។