ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធនិងគម្រោង របស់ចក្រភពអង់គ្លេស (UK Infrastructure and Projects Authority - IPA) នឹងរៀបចំសិក្ខាសាលាស្ដី“ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង៖ ការបណ្តុះបណ្តាលរបស់អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធនិងគម្រោង (IPA)ស្តីពីការអភិវឌ្ឍ ការកៀរគរហិរញ្ញវត្ថុ និងហិរញ្ញប្បទានគម្រោងប្រកបដោយប្រសិទ្ធភាព”។សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម មាសសុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះ មានគោលបំណងចែករំលែក, ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក៍ដូចជាលើកកម្ពស់ការយល់ដឹងអំពីវដ្តនៃគម្រោង PPP ដែលផ្ដោតសំខាន់លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងគម្រោងតំបន់សេដ្ឋកិច្ចបៃតង (Green SEZ) តាមយន្ដការ PPP ដោយលើកយកករណីសិក្សា (Case Study) ស្តីពីបទពិសោធន៍នៃការអភិវឌ្ឍគម្រោងខាងលើ ដើម្បីបន្តកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គាំទ្រទៅដល់ការអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
សិក្ខាសាលាបណ្តុះបណ្តាលខាងលើ នឹងមានការចូលរួមពីតំណាងនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយចែករំលែក និងបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទទួលបន្ទុកកិច្ចការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគម្រោងផ្ទាល់ នៅតាមបណ្តាក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបន្តកសាងនូវមូលដ្ឋានគ្រឹះសម្រាប់គាំទ្រទៅដល់ការអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។