នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី៣ ស្តីពី“ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)”និង “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (SOP for PPP Projects)ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត ផងដែរ។ក្នុងនោះ សិក្ខាសាលាផ្សព្វផ្សាយលើកទីបីនេះ ក៏បានរៀបចំនូវកម្មវិធីវេទិកាពិគ្រោះយោបល់ក្រោមប្រធានបទ “គម្រោង ភ.រ.ជ សម្រាប់វិស័យដឹកជញ្ជូន នៅកម្ពុជា” ជាមួយតួអង្គសំខាន់ៗក្នុងវិស័យ ផងដែរ។
សិក្ខាសាលានេះមានគោលបំណងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនថ្នាក់ដឹកនាំ មន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ឱ្យបានយល់ដឹងអំពីក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPP ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនៅព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានអនុវត្តស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន ក្នុងការគាំទ្រការធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា។
ច្បាប់ស្តីពី PPP មានគោលដៅលើកកម្ពស់ការគ្រប់គ្រងយន្តការ PPP ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈនៅកម្ពុជា ដែលត្រូវបានគិតគូរ និងរៀបចំលើមូលដ្ឋាន នៃការបំពេញគ្នាទៅវិញទៅមក ជាមួយច្បាប់ស្តីពីវិនិយោគនៃកម្ពុជា លើការលើកទឹកចិត្តផ្នែកវិនិយោគ និងជាមួយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានផងដែរ។ក្របខ័ណ្ឌគម្រោង ភ.រ.ជ ត្រូវបានទទួលការវាយតម្លៃខ្ពស់ ពីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិ IMF, កម្មវិធី P4I របស់អូស្រា្តលី មូលនិធិ UNCDF និងក្រុមហ៊ុនទីប្រឹក្សានានាផងដែរ។ ទន្ទឹមនេះ SOP for PPP Projects និងរួមចំណែកដល់ការបង្កើតនូវក្របខ័ណ្ឌដ៍រឹងមាំ សម្រាប់គ្រប់គ្រងយន្តការ PPP នៅកម្ពុជា តាមរយៈយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ក្រសួង ស្ថាប័ន និងនីតិវិធីគ្រប់គ្រងច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។