នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសណ្ឋាគារ សុខា ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្តីពី “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)” និង “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (SOP for PPP Projects)” ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលាផ្សព្វផ្សាយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត ដែលមានអ្នកចូលរួមសរុបចំនួន ២០០ នាក់។ បន្ថែមពីនេះ សិក្ខាសាលាផ្សព្វផ្សាយលើកទី៤ នេះ មានការរៀបចំនូវវេទិកាក្រោមប្រធានបទ “គម្រោងអនុវត្តប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតតាមយន្តការ ភ.រ.ជ” ក្រោមការសម្របសម្រួលដោយអគ្គនាយកដ្ឋានភាពជាដៃគូ រវាងរដ្ឋ និងឯកជន ជាមួយតួអង្គសំខាន់ៗក្នុងវិស័យផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ឱ្យប្រើសទ្ទានុក្រមស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (Lexicon for Public-Private Partnerships) ដែលមាន ២ ភាសា គឺខ្មែរ និងអង់គ្លេស ដើម្បីពន្យល់លម្អិតអំពីខ្លឹមសារ នៃពាក្យគន្លឹះនីមួយៗ នៅក្នុងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ.) ជាពិសេសវាក្យស័ព្ទក្នុងច្បាប់ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោង ភ.រ.ជ. ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីពេលកន្លងទៅ។
ក្នុងឱកាសនេះ ឯកឧត្តម មាស សុខសេនសាន បានថ្លែងថាកម្មវិធីសិក្ខាសាលានេះ គឺជាលើកទី៤ ហើយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ស្តីពី PPP និង SOP for PPP Projects ក្នុងគោលបំណងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនថ្នាក់ដឹកនាំ មន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ឱ្យបានយល់ដឹង អំពីក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPP ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុវត្តស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ-កម្ពុជា ក្នុងគោលដៅពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងការគាំទ្រ ការធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្របខណ្ឌ PPP គឺមានលក្ខណៈពេញលេញ និងទទួលបានការវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាល ហើយមានគោលបំណងលើកកម្ពស់ការគ្រប់គ្រង យន្តការ PPP ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈនៅកម្ពុជា។ ដើម្បីជំរុញការអនុវត្តយន្តការ PPP សម្រាប់ការអភិវឌ្ឍ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាសាធារណៈនៅកម្ពុជា, ច្បាប់ស្តីពី PPP នេះក៏ត្រូវបានគិតគូរ និងរៀបចំលើមូលដ្ឋាន នៃការបំពេញគ្នាទៅវិញទៅមក ជាមួយច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ជាមួយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ចំនួន ៣ លើក កន្លងមក ដែលលើកទី១ បានប្រព្រឹត្តទៅនៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣, លើកទី៣ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងន័យនេះ ដើម្បីបន្តជំរុញយន្តការ PPP និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនថ្នាក់ដឹកនាំមន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ឱ្យបានយល់ដឹងអំពីក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPP កាន់តែរឹងមាំ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគ្រោងរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលស្ដីអំពី PPP ជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា SOP for PPP Projects និងរួមចំណែក ដល់ការបង្កើតនូវក្របខ័ណ្ឌដ៍រឹងមាំ សម្រាប់គ្រប់គ្រងយន្តការ PPP នៅកម្ពុជា ហើយក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តបង្កើនចំណេះដឹងអំពី PPP ដើម្បីរួមចំណែកក្នុងការពង្រឹងក្របខ័ណ្ឌ PPP នៅកម្ពុជា៕