ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (United Nation Capital Development Fund-UNCDF) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន" ឬហៅជាភាសាអង់គ្លេសថា "The Standard Operating Procedures for Public-Private Partnerships Projects" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០ ព្រឹក នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដើម្បីផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិ ពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត។
សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការដាក់ឱ្យអនុវត្តនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមនេះ គឺក្នុងគោលបំណងគាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (ភ.រ.ជ.) ដែលបានចូលជាជាធរមាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងការរៀបចំការអនុវត្ត និងការគ្រប់គ្រងគម្រោង ភ.រ.ជ. ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនៅកម្ពុជា។
គួរបញ្ជាក់ថា "នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរវាងរដ្ឋ និងឯកជន" នេះត្រូវបានដាក់ឱ្យប្រើដោយអនុក្រឹត្យលេខ ១៧៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់មេត្តា ជ្រាបជាព័ត៌មាន និងចូលរួមសិក្ខាសាលាស្តីពី "នីវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន" ដែលកនឹងប្រព្រឹត្តទៅដូចរៀបរាប់ខាងលើ កុំបីអាក់ខាន៕