ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋាភិបាលអូស្រា្តលី បានធ្វើការៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnerships - PPP) ដំណាក់កាលទី៣ ក្រោមកម្មវិធី Partnerships for Infrastructure (P4I) បន្ទាប់ពីបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដំណាក់កាលទី១ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលាឆ្នាំ២០២២ និងដំណាក់កាលទី២ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យតាមការគ្រោងទុក។ សិក្ខាសាលាបណ្តុះបណ្តាលដំណាក់កាលទី៣ ត្រូវបានរៀបចំក្នុងគោលបំណងបន្តពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនិងចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា។សិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានរៀបចំបែងចែងវគ្គបណ្តុះបណ្តាលជា ២កម្រិត៖ សម្រាប់កម្រិតថ្នាក់ដឹកនាំ (Strategic Leaders) ដែលនឹងប្រព្រឹត្តទៅរយៈពេល កន្លះថ្ងៃនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, និង សម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង (Project Managers Level) ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំពោះកិច្ចការងាររៀបចំអភិវឌ្ឍគម្រោង PPP,តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជានិងតំណាងក្រុមការងារកម្មវិធី P4I ដើម្បីធ្វើការបណ្តុះ-បណ្តាល, ផ្សព្វផ្សាយនិងចែករំលែកជូនថ្នាក់ដឹកនាំព្រមទាំងមន្រ្តីរាជការដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដើម្បីបានយល់ដឹងបន្ថែមលើវដ្តនៃគម្រោង PPP តាមរយៈ ឧត្តមានុវត្តន៍ អន្តរជាតិ បន្ថែមលើការអនុលោមតាមនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង PPPព្រមទាំងក្របខ័ណ្ឌគតិយុត្ត និងយន្ដការដែលមានស្រាប់ជូនដល់តួអង្គអនុវត្តគម្រោងដោយផ្ទាល់នៅតាមបណ្តាក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។
សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម មាសសុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។