ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងធ្វើការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បទដ្ឋានគតិយុត្ត នៃហិរញ្ញប្បទានដោយវិស័យឯកជន សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលាបណ្តុះបណ្តាលនេះ គ្រោងនឹងប្រពឹត្តទៅចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងគោលបំណងដើម្បីពង្រឹង និងកសាងសមត្ថភាពធនធានមនុស្ស ក៏ដូចជាការអនុវត្ត និងអភិវឌ្ឍគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ឱ្យទទួលបានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ តាមរយៈការចែករំលែកបទពិសោធន៍ ព្រមទាំងចំណេះដឹងអំពីការគ្រប់គ្រងគម្រោង PPP ជូនដល់មន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សាផ្នែកច្បាប់ក្នុងស្រុក សរុបប្រមាណ ៥០ នាក់។ វគ្គបណ្ដុះបណ្ដាលនៃសិក្ខាសាលា ផ្តោតសំខាន់លើប្រធានបទដូចជា៖ ១) ការគ្រប់គ្រងវដ្តគម្រោង, ២) ហិរញ្ញប្បទានគម្រោង (Project Financing), ៣) ការរៀបចំកិច្ចសន្យា, ៤) ការពិភាក្សាលើបរិស្ថាន, សង្គម និងអភិបាលកិច្ច (ESG) និង ៥) ការគ្រប់គ្រងហានិភ័យគម្រោង។ ទន្ទឹមនេះ សិក្ខាកាមដែលចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលខាងលើ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលរៀបចំដោយ ក.ស.ហ.វ និង IFC។
សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងមានការអញ្ជើញចូលរួមពីវាគ្មិនអន្តរជាតិផ្នែកច្បាប់របស់ស្ថាប័ន IFC ដើម្បីបណ្តុះបណ្តាល, ផ្សព្វផ្សាយ និងចែករំលែកជូនថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងតួអង្គអនុវត្តគម្រោងដោយផ្ទាល់នៅតាមបណ្តាក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត និងគ្រប់គ្រងគម្រោង PPP ដោយប្រើប្រាស់ឧត្តមានុវត្តន៍អន្តរជាតិ ដែលទទួលបានតាមរយៈការបណ្ដុះបណ្ដាលនៅក្នុងសិក្ខាសាលា សំយោគជាមួយនីតិវិធីគ្រប់គ្រង-ប្រតិបត្តិការរួមសម្រាប់គម្រោង PPP (SOPs for PPP Projects) ព្រមទាំងក្របខ័ណ្ឌគតិយុត្ត និងយន្ដការដែលមានស្រាប់ សំដៅជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។