menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

សិក្ខាសាលា

សេចក្តីជូនដំណឹងស្ដីអំពីសិក្ខាសាលាផ្សព្វផ្សាយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំសិក្ខាសាលាស្តីពី "ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន" ហៅជាភាសាអង់គ្លេសថា "Law on PPPs" នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត។

សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ច្បាប់នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា "ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន" នេះត្រូវបាន ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនីទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រមលេខ នស/រកម/១១២១/០១៨ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដាក់ឱ្យប្រើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងជំនួសឱ្យច្បាប់ស្តីពីសម្បទានដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៧ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់មេត្តា ជ្រាបជាព័ត៌មាន និងតាមដានការផ្សាយនូវសិក្ខាសាលាស្តីពី "ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន" ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កុំបីអាក់ខាន៕